តាម​ការ​លើក​ឡើង​របស់​លោក​ឯក វ៉ាន់ឌី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​ផ្កាយរណប​ទូរគមនាគមន៍​ប្រើ​ផ្ទាល់​ខ្លួន​ហើយ​នៅ​ពេល​នេះ។
ឯកឧត្តម ឯក វ៉ាន់ឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
លោក​ថ្លែង​បែប​នេះ នា​ឱកាស​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ពិព័រណ៍​បច្ចេកវិទ្យា ទូរគមនាគមន៍​ព័ត៌មានវិទ្យា និង​ពិព័រណ៍​វិស័យ​ស្ថាបត្យកម្ម និង​សំណង់​អន្តរជាតិ ២០១២​នៅ​សណ្ឋាគារ​សាន់វ៉េ​កាល​​ពី​ថ្ងៃ ២១ ធ្នូ​កន្លង​ទៅ​នេះ។
លោក​លើក​ឡើង​ថា គម្រោង​នៃ​ការ​បង្ហោះ​ផ្កាយ​រណប​នេះ​គឺ​រដ្ឋាភិបាល​បាន​គ្រោង​ទុក​ជា​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​ទើបតែ​ពេល​នេះ​អាច​រក​បាន​ដៃគូ​វិនិយោគ​សម្រាប់​អនុវត្ត​គម្រោង​ដ៏​ធំ​មួយ​នេះ​។ លោក​បញ្ជាក់​ទៀត​ថា ការ​អនុវត្ត​កិច្ចការ​ទាំង​នេះ​បាន​មិន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​ការ​ចំណាយ​មាន​ទំហំ​ធំធេង​ពេក ហើយ​ណាមួយ​ប្រទេស​កម្ពុជា​នៅ​ខ្វះ​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដែល​អាច​ធ្វើ​លើ​កិច្ច​ការងារ​នេះ​បាន។
លោក​បន្ត​ទៀត​ថា ពេល​ដែល​កម្ពុជា​មាន​ផ្កាយរណប​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នេះ​អាច​ស​រ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ស្វ័យភាព កិត្យានុភាព​ និង​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​យើង​ដល់​ពិភពលោក​ទាំង​មូល។ លើស​ពី​នេះ​ទៀត​នោះ ប្រទេស​កម្ពុជា​ក៏​លែង​ចាំ​បាច់​ជួល​ផ្កាយរណប​របស់​ប្រទេស​ជិតខាង​ដើម្បី​ប្រើប្រាស់​ទៀត​ដែរ។
យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត Phnom Penh Post កាល​ពី​ ១៨ ខែ​មេសា​ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Royal Group បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​រៀបចំ​បាញ់​បង្ហោះ​ផ្កាយរណប​ទូរគមនាគមន៍​ជា​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា ដែល​ការ​អនុវត្ត​ការងារ​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​ពី ២៥០ ទៅ ៣៥០ លាន​ដុល្លារ​អាមេរិក។ គេសង្ឃឹម​ថា ផ្កាយរណប​លើក​ដំបូង​ដែល​មាន​ឈ្មោះ​ថា Cambodian Satellite 1 នឹង​អាច​បាញ់​បង្ហោះ​ក្នុង​តារា​វិថី​នៅ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ខាង​មុខ​នេះ។