យោងតាមការសិក្សាស្រាវជ្រាវ ពីក្រុមអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា កាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា ផ្សែងធូបមូសអាចបង្កបញ្ហា ដល់សុខភាពដូចផ្សែងបារីដែរ។
យោងតាមសារព័ត៌មានឥណ្ឌា The Times of India ដែលចុះផ្សាយកាលពីចុងឆ្នាំទៅមិញ បានដកស្រង់សម្តីអ្នកជំនាញការម្នាក់ដែលនិយាយថា ផ្សែងធូបមូស ១ដើម ស្មើនឹងផ្សែងបារី ១០០ ដើម។ ដូច្នេះវាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។
លោក Sandeep Salvi ប្រធានមូលនិធិស្រាវជ្រាវផ្នែកទ្រូង (Chest Research Foundation) បានបង្ហាញលទ្ធផលនៃការសិក្សារបស់អ្នកជំនាញ ម៉ាឡេស៊ី ថា មនុស្សភាគច្រើនមិនយល់ដឹងពីបញ្ហានេះឡើយ។ ផ្សែងធូបមូស ១ ដើម (អាចដុតបាន ៨ ម៉ោង) ដែលស្មើនឹងផ្សែងបារី ១០០ ដើមនេះ ពិតជាបំផ្លាញដល់សួតរបស់មនុស្ស។ បញ្ហានេះធ្វើមនុស្សមានបញ្ហាដំណកដង្ហើម និងខូចសួតផងដែរ។
លោកបានមានប្រសាសន៍បែបនេះ ក្នុងឱកាសនៃសន្និសីទព័ត៌មានស្តីពី “ការបំពុលអាកាស និងសុខភាពយើង” នៅទីក្រុង New Delhi ដែលរៀបចំដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបរិស្ថាន (CSE) សហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា និងសមាគមវេជ្ជសាស្ត្រឥណ្ឌា។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពុំទាន់មានប្រតិកម្មពីស្ថាប័នជំនាញសុខភាពពិភពលោក ដូចជាអង្គការ WHO ជុំវិញការស្រាវជ្រាវនេះនោះទេ៕
ដកស្រង់ពីសប្បាយ។
No comments:
Post a Comment